• Cambodia Peace Channel

ច្បាស់ហើយ! មូលហេតុដែលគ្រូបង្វឹក Felix G.Dalmas មិនបានកោះហៅ កីឡាករសំខាន់ៗ

ភ្នំពេញ៖នៅរសៀលថ្ងៃទី៣១ ខែសីហានេះ គ្រូបង្វឹកគោព្រៃកម្ពុជា លោក Felix G.Dalmas ផ្សាយផ្ទាល់តាមគេហទំព័រផ្លូវការរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោកបានចង្អុលបង្ហាញជុំវិញការជ្រើសរើសកីឡាករចូលជម្រើសជាតិ ដោយលោកផ្តោតសំខាន់លើការប្រកួតស៊ីហ្គេមនៅចុងឆ្នាំ២០១៩ ហេតុផលនេះហើយទើបឃើញមានកីឡាករវ័យក្មេងជាច្រើន។

ការលើកឡើងបែបនេះ ស្របពេលដែលមានអ្នកគាំទ្រជាច្រើនកំពុងមានការងឿងឆ្ងល់ ចំពោះការមិនជ្រើសរើសកីឡាករសំខាន់ៗមួយចំនួន ដែលតែងតែជួយជម្រើសរើសជាតិ និងមានបទពិសោធច្រើននៅលើទីលាន។ ករណីនេះគ្រូបង្វឹកជនជាតិអាហ្សង់ទីន បញ្ជាក់ថា ដោយសារកីឡាករមានបញ្ហារបួស ហើយលោករីករាយចំពោះកីឡាករដែលបានជ្រើសរើស ព្រោះពួកគេត្រៀមខ្លួនរួចជាស្រេច។

ថ្លែងក្នុងកម្មវិធីសំណេះសំណាល លោកអះអាងថា “ការកោះហៅលើកនេះ យើងបានគិតដល់ព្រឹត្តិការណ៍បន្ទាប់ គឺយុវជន U-23 ដើម្បីត្រៀមប្រកួតកីឡាស៊ីហ្គេមចុងឆ្នាំនេះ និយាយរួមគឺយើងផ្ដោតព្រឹត្តិការណ៍ ២សំខាន់ គឺត្រៀមពេលនេះ និងស៊ីហ្គេម។ ហេតុផលសំខាន់ តាមបញ្ជីឈ្មោះ កីឡាករដែលមិនត្រូវបានកោះហៅនាពេលនេះ គឺដោយសារបញ្ហារបួស”។

សូមជម្រាបថា បញ្ជីឈ្មោះបឋមកីឡាករគោព្រៃកម្ពុជា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កោះហៅ មានចំនួន ៣៥នាក់ មកពី ៩ក្លិបខ្លាំងៗក្នុងការប្រកួតនៅលីគកំពូលកម្ពុជា ក្នុងនោះមកពីក្លិបបាល់ទាត់ វិសាខា ១០នាក់, ភ្នំពេញ​ក្រោ​ន ៦​នាក់​, ព្រះខ័ន​រាជ​ស្វាយរៀង ៥​នាក់​, ណាហ្គា​វើ​លដ៍ ៤​នាក់​, បឹងកេត ៤​នាក់​, ក្រសួង​ការពារជាតិ ៣​នាក់ ខណៈអង្គ​រថា​យ​ហ្គឹ​រ​, គិរីវង់ និង​សាលា​បាល់ទាត់​ជាតិ​បាទី​ម្នាក់ៗ​ដូចគ្នា៕