• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #ព័ត៌មានអន្តរជាតិ #សេដ្ឋកិច្ចជាតិ #សេដ្ឋកិច្ចអន្តរជាតិ

CPC-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ធនាគារ Maybank ពិនិត្យលទ្ធភាពវិនិយោគលើការកសាងប្រព័ន្ធអេកូស៊ីស្ទឹមអាហារហាឡាល់នៅកម្ពុជា

ម៉ាឡេស៊ី៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Dato’ Khairussaleh Ramli ប្រធាន និងជានាយកប្រតិបត្តិធនាគារ Maybank និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ីនារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្នុងឱកាសនៃជំនួប លោកប្រធាន និង ជានាយកប្រតិបត្តិ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម ព្រមទាំងបានបង្ហាញពីក្ដីសោមនស្សរីករាយដែលបានស្ដាប់នូវខ្លឹមសារសុន្ទរកថាប្រកបដោយអត្ថន័យ របស់សម្ដេចធិបតីនៅក្នុងវេទិកាធុរកិច្ច កម្ពុជា-ម៉ាឡេស៊ី ឆ្នាំ ២០២៤ ហើយលោកពិតជាមានការស្ងប់ស្ងែងចំពោះសម្ដេចធិបតី ដែលជាមេដឹកនាំមួយរូបដែលពោរពេញដោយភាពឆ្លាតវៃ មានការយល់ដឹងស៊ីជម្រៅអំពីវិស័យវិនិយោគហិរញ្ញវត្ថុ និងធនាគារ នៅកម្ពុជា។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកប្រធាន និងជានាយកប្រតិបត្តិ និងសហការី និងបានវាយតម្លៃខ្ពស់ចំពោះធនាគារ May Bank ដែលបានសម្រេចចិត្តបណ្ដាក់ទុនវិនិយោគនៅកម្ពុជាចាប់ពីដើមទសវត្សរ៍ ឆ្នាំ១៩៩០។ សម្ដេចធិបតីបានជំរុញឱ្យធនាគារបន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀតជាមួយធនាគារជាតិកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការលើការទូទាត់ឆ្លងកាត់ធនាគារ សំដៅជំរុញវិស័យហិរញ្ញវត្ថុ និងធនាគារ ដើរតួនាទីកាន់តែសំខាន់បន្ថែមទៀត ជាសសៃឈាម និងជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជាដើម្បីជាផលប្រយោជន៍នៃការវិនិយោគរបស់ធនាគារនៅកម្ពុជាផងដែរ។
ទន្ទឹមនឹងនេះ សម្ដេចធិបតីបានលើកទឹកចិត្តដល់ធនាគារពិនិត្យលទ្ធភាពលើការវិនិយោគលើការកសាងប្រព័ន្ធអេកូស៊ីស្ទឹមអាហារហាឡាល់នៅកម្ពុជា ពីព្រោះធនាគារជាតួអង្គមួយយ៉ាងសំខាន់នៅក្នុងវិស័យហិរញ្ញវត្ថុ ដែលនឹងជួយសម្របសម្រួលដល់ អតិថិជន និងតួអង្គពាក់ព័ន្ធនានាក្នុងប្រព័ន្ធនេះ និងបានជំរុញឱ្យធានាគារសហការជាមួយស្ថាប័នពាក់ព័ន្ធ នៅកម្ពុជា ដើម្បីជំរុញបង្កើតឧស្សាហកម្មអាហារហាឡាល់ ជាឧស្សាហកម្មមួយដែលមានសក្ដានុពល គាំទ្រដល់វិស័យសំខាន់ៗមួយចំនួនទៀត និងគាំទ្រដល់ការនាំចេញផលិតផលហាឡាល់ពីកម្ពុជាទៅកាន់ទីផ្សាអន្តរជាតិ ៕